អំពីវិបត្តមនុស្សធម៌

ជម្លោះ និង ការភៀសខ្លួន

បញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ទោះបីជាមានបទឈប់បាញ់ ដែលបានអនុវត្តតាំងពីចុងខែកក្កដា ឆ្នាំ២០២៥ក៏ដោយ។ ការប៉ះទង្គិចនេះស្ថិតនៅក្រោមរូបភាព ជាការប្រើប្រាស់អាវុធធំៗ ការបាញ់កាំជ្រួច និងការវាយប្រហារតាមអាកាស។​ប្រជាជនប្រមាណ ១៧២,០០០ នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួន (ត្រឹមថ្ងៃទី៣០ ខែកក្កដា)។ នេះជាតួលេខមួយដែលបង្កឲ្យមានការព្រួយបារម្ភ។

ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយក៏ត្រូវការជំនួយជាច្រើនទៀត រួមមានកន្លែងស្នាក់នៅ ស្បៀងអាហារ ទឹក និងសេវាសុខាភិបាលផ្សេងៗ។ ជម្លោះនេះបានបង្កប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមដែលងាយរងគ្រោះ ដូចជា កុមារ មនុស្សចាស់ និងស្ត្រីជាដើម។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលកម្ពុជា និង​ ថៃ ដោយមានម៉ាឡេស៊ីជាអ្នកសម្របសម្រួល និងសហរដ្ឋអាមេរិកនិងចិនជាអ្នកសង្កេត កំពុងពិភាក្សាដើម្បីដោះស្រាយជម្លោះដោយសន្តិភាព ប៉ុន្តែមូលហេតុសំខាន់នៃវិវាទព្រំដែននៅតែមិនទាន់បានដោះស្រាយនៅឡើយទេ។

ស្ថានភាពជំរុំជនភៀសសឹក

ខេត្តព្រះវិហារគឺជាខេត្តសំខាន់នៃបញ្ហាជនភៀសសឹកនាពេលបច្ចុប្បន្ន ដោយមានប្រជាជនជាច្រើននាក់ក្នុងចំណោមអ្នករងគ្រោះរាប់ពាន់នាក់ដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះដោយសារការប៉ះទង្គិចព្រំដែនជាមួយប្រទេសថៃ ដោយមានគ្រួសារជាច្រើនបន្តរស់នៅក្នុងជំរកបណ្ដោះអាសន្ន ដែលសង់ឡើងពីតង់ប្លាស្ទិក។

បញ្ហានេះក៏បានប៉ះពាល់ដល់ វិស័យអប់រំផងដែរ ដោយសារសាលារៀនជាច្រើនកន្លែង នៅក្នុងខេត្តត្រូវបានបិទ បណ្តាលឱ្យសិស្សច្រើនជាង ១៥ម៉ឺននាក់ ត្រូវបានខកខានឱកាសក្នុងការចូលរៀន។

តាមការរាយការណ៍នៅថ្ងៃទី ២ សីហា ឆ្នាំ២០២៥ មានគ្រួសារ ១៣,១៦០ គ្រួសារ ស្មើនឹងប្រជាជន ៣៤,៣៣៦ នាក់ ពី ៧ ឃុំ ក្នុងចំណោម ៨ ឃុំ ក្នុងស្រុកជាំក្សាន្ត ត្រូវបានបញ្ជូនចេញទៅទីទួលមានសុវត្ថិភាពnនៅតាមតំបន់។ នៅក្នុងចំណោមនេះ ក៏មានប្រជាពលរដ្ឋខ្លះបានទៅស្នាក់នៅជាមួយក្រុមគ្រួសារ និង មិត្តភក្តិ។ ក្រៅពីនេះ មានគ្រួសារ ៩,៦៨០ គ្រួសារ ស្មើនឹងប្រជាជន ៣១,៩០៤ នាក់ កំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពដែលបានកំណត់ចំនួន ១៥ កន្លែង និងនៅជាមួយក្រុមគ្រួសារ នៅទូទាំងខេត្តព្រះវិហារផងដែរ។